(ខេត្ដរតនគិរី) ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអមដំណើរដោយ លោក ង៉ែត ធារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី និងមន្រ្ដី​ជំនាញ​ពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពភាពទឹកជំនន់នៅក្នុងស្រុកកូនមុំ ខេត្តរតនគិរី។

នាដំណើរចុះពិនិត្យនោះ ឯកឧត្ដមរដ្ឋលេខាធិការ រួមជាមួយក្រុមការងារបាន​ជួបសំណះសំណាលសាកសួរព័ត៌មាន អំពីផលប៉ះពាល់ដំណាំកសិកម្ម ជាមួយ​និង​អាជ្ញាធរ នៅក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ និងបានចុះពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅតាមភូមិសាស្រ្ដជន់លិចផ្ទាល់។

ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាព​ទឹកជំនន់បានលិចលង់ដំណាំរួមផ្សំមានដូចជា៖ ពោតស បន្លែ និងដំណាំ​ទ្រទ្រង់​​​សេដ្ឋកិច្ច​មាន ដំឡូងមី សណ្តែក ស្វាយចន្ទី និងស្រូវ ហើយ​ប្រសិនបើ​ទឹកជំនន់នៅលិចបន្ដរយៈពេលយូរ នោះនឹងបង្កផលប៉ះពាល់ដំណាំ និង​សេដ្ឋកិច្ចពលរដ្ឋ ដោយមន្រ្តីជំនាញនឹងពិនិត្យវាយតម្លៃពីផលប៉ះពាល់​តាម​ដំណាក់កាល។

ទន្ទឹមនឹងនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានបន្ថែមថា ស្ថានភាពទឹកទន្លេ​ស្រែពក (ស្ថានីយ​វាស់​កម្ពស់ទឹក ឃុំជ័យឧត្តម ស្រុកលំផាត់) គិតត្រឹមម៉ោង ០៦៖០០ព្រឹក កម្ពស់ទឹក ១៣,៣៨ម៉ែត្រ (ម្សិលមិញកម្ពស់ទឹក ១៣,៦៧ម៉ែត្រ) ស្រក ០,២៩ម៉ែត្រ កម្ពស់​ទឹកប្រកាសអាសន្ន ១២,៥០ម៉ែត្រ និងស្ថានភាពទឹកទន្លេសេសាន ស្រុក​វើនសៃ(ស្ថានីយវាស់កម្ពស់ទឹក ឃុំកាចូន ស្រុកវើនសៃ) គិតត្រឹមម៉ោង ០៦៖០០ព្រឹក កម្ពស់ទឹក ៧,៧៥ម៉ែត្រ (ម្សិលមិញកម្ពស់ទឹក ៧,០០ម៉ែត្រ កើនឡើង ០,៧៥ម៉ែត្រ កម្ពស់​ទឹក​ប្រកាសអាសន្នកម្ពស់ ៨,៥០ម៉ែត្រ។ ចំណែកស្ថានភាពទន្លេ​សេសានស្រុ​ក​តាវែង(ស្ថានីយវាស់កម្ពស់ទឹកទន្លេសេសាន​ស្រុកតាវែង) គិតត្រឹមម៉ោង ០៦៖០០ ព្រឹក កម្ពស់ទឹក ៧,៩០ម៉ែត្រ(ម្សិលមិញកម្ពស់ទឹក ៨,១០ម៉ែត្រ ស្រក ០,២០ម៉ែត្រ កម្ពស់ទឹកប្រកាសអាសន្ន ៨,០០ម៉ែត្រ។

ជាចុងបញ្ចប់នៃដំណើរបេសកកម្មចុះពិនិត្យនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានណែនាំដល់​ថ្នាក់​ដឹកនាំមន្ទីរកសិកម្មខេត្ត និងមន្រ្តីជំនាញសហការជាមួយ​អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្ត​ការតាមដានដោយយកចិត្តទុកដាក់លើការងារនេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវខ្ពស់ជូនពលរដ្ឋ៕


Leave a Reply

Your email address will not be published. Required fields are marked *