(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបករណីពាក់ព័ន្ធបារីអេឡិចត្រូនិក (វ៉េប) និង POD K ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន ៣នាក់ និងដកហូតវត្ថុតាងជាច្រើន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការអនុវត្តបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានមុខសញ្ញាកំពុងប្រព្រឹត្តបទល្មើស។
ក្រោយធ្វើការឃ្លាំមើល និងកំណត់គោលដៅរួច កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបជាក់ស្តែងនៅចំណុចផ្លូវសាធារណៈ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន ២នាក់ គឺឈ្មោះ បរិវ៉េត ថងម៉ឺន ហៅ «ម៉ុន» អាយុ ២៦ឆ្នាំ និងឈ្មោះ ជីរ៉ាក់សាក់ សារ៉ាក់រ៉ាត់ ហៅ «កេប» អាយុ ៣១ឆ្នាំ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតបានក្បាល POD K ចំនួន ១ថង់ និងបារីអេឡិចត្រូនិច (វ៉េប) ចំនួន ៣ដើម។ បន្ទាប់មក នៅថ្ងៃដដែល កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ការ៉ាន់ កិនបូកែវ ហៅ «អូក» អាយុ ៤៧ឆ្នាំ ជនជាតិថៃ នៅចំណុចបុរីដួងចាន់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យរូបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ក្បាល POD K ដែលវេចខ្ចប់រួចចំនួន ១៦ថង់ បារីអេឡិចត្រូនិច (វ៉េប) ចំនួន ១ដើម និងទូរស័ព្ទដៃចំនួន ២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមទាំងវត្ថុតាង ត្រូវបាននាំទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

