(កណ្តាល)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបន្តបើកប្រតិបត្តិការបង្ក្រាបបទល្មើស ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណី លួចទ្រព្យសម្បត្តិ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ខណៈទ្រព្យសម្បត្តិរបស់ជនរងគ្រោះត្រូវបានស្រាវជ្រាវរកឃើញ និងប្រគល់ជូនម្ចាស់ដើមវិញ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដោយកម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានបើកការស្រាវជ្រាវ និងបង្ក្រាបករណីនេះ នៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ៥នាក់ និងដកហូតវត្ថុតាងរួមមាន ដាវផ្លែដែកចំនួន ២ដើម និងឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន។ ចំណែកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដែលសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងប្រគល់ជូនម្ចាស់វិញ រួមមាន ទូរទស្សន៍ម៉ាក AKAI ចំនួន ១គ្រឿង, ម៉ូទ័រជ្រែឈើ ១គ្រឿង, ព្រីភ្លើង ១ និងម៉ាស៊ីនចាក់ក្បាលឌីស ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានផ្នែកជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបញ្ជាក់ថា នឹងបន្តពង្រឹងការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព៕

