(កណ្ដាល)៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ដែលមានជា ២ក្រុម បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូប្រដេញវាយគ្នាទៅវិញទៅមក នៅលើផ្លូវលេខ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីវេលាម៉ោង ១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដោយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ ខណៈកំពុងចេញល្បាតក្នុងមូលដ្ឋាន។

បើតាមសមត្ថកិច្ច ជនសង្ស័យទាំង ៧នាក់ ដែលមានគ្នាជា ២ក្រុម រួមមាន៖ ដោយក្រុមទី១ មានសមាជិក ៤នាក់ អាយុចន្លោះពី ១៦ ដល់ ២២ឆ្នាំ ក្នុងនោះមានម្នាក់ធ្លាប់ជាប់ពន្ធនាគារពីបទលួចម៉ូតូ។ ការធ្វើតេស្តទឹកនោមបង្ហាញថា សមាជិកក្រុមនេះ អវិជ្ជមានសារធាតុញៀន។

ចំណែកក្រុមទី២ មានសមាជិក ៣នាក់ អាយុចន្លោះពី ២០ ដល់ ៤១ឆ្នាំ ក្នុងនោះមានម្នាក់ធ្លាប់ជាប់ពន្ធនាគារចំនួន ២លើក ពាក់ព័ន្ធបទលួចមានស្ថានទម្ងន់ទោស។ លទ្ធផលធ្វើតេស្តទឹកនោមបង្ហាញថា សមាជិកទាំង ៣នាក់ មានសារធាតុញៀន។

សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ ម៉ូតូចំនួន ៣គ្រឿង (ក្នុងនោះ ១គ្រឿងគ្មានផ្លាកលេខ), ទូរស័ព្ទដៃ ៣គ្រឿង, មួកសុវត្ថិភាព ១, ដុំថ្មមួយចំនួន, កំណាត់ទុយោ (ដងអំបោស) ១កំណាត់, ដាវដែកដងឈើ ១ដើម។

បច្ចុប្បន្ន ជនសង្ស័យទាំង ៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕


Leave a Reply

Your email address will not be published. Required fields are marked *