កំពង់ស្ពឺ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដគ្រឿង ម៉ាក HYUNDAI STAREX ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ12 2-1479 (រថយន្តដឹកអ្នកជំងឺ) បុកពីក្រោយរថយន្តកុងតឺន័រ នៅវេលាម៉ោង ១០:១៦នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។
ក្នុងករណីនេះអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនក្រោយកេីតហេតុ) ក្នុងរថយន្ដមានអ្នករួមដំណើរចំនួន ៦នាក់ ឈ្មោះ អេល ឌុលការីម ភេទប្រុស អាយុ ៣៣ឆ្នាំ (ស្លាប់ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ), ឈ្មោះ អេល ហ្សឹកគ្រីយ៉ើ ភេទប្រុស អាយុ ៣៧ឆ្នាំ របួស, ឈ្មោះ ម៉ាត់ ណាស់ ភេទស្រី អាយុ ៤៥ឆ្នាំ របួស, ឈ្មោះ ហ៊ីម ឡាហ្សឹម ភេទស្រី អាយុ ៣៤ឆ្នាំ របួស, ឈ្មោះ ហ៊ីម ឌីណា ភេទស្រី អាយុ ៣៥ឆ្នាំ, ឈ្មោះ ម៉ាត់ សាន់ ភេទប្រុស អាយុ ៦៦ឆ្នាំ អ្នករួមដំណេីរមានអាសយដ្ឋានរស់នៅភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងតាមការបញ្ជាក់ពីមន្រ្ដីចរាចរណ៍ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច នៅយប់ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៥ នៅចំណុចPK 70+400 ស្ថិតនៅភូមិពាមទង់ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថារថយន្ដម៉ាក HYUNDAI STAREX បើកបរក្នុងទិសដៅខាងលិចទៅខាងកើត (ព្រះសីហនុ-ភ្នំពេញ)លុះមកដល់ចំណុចខាងលេីបានបុកពីក្រោយរថយន្ត១គ្រឿង ពេញទំហឹងក្នុងទិសដៅស្របគ្នា លេីផ្លូវល្បឿនលឿន ម៉ាកHYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3D-8384 សណ្ដោងសឺមីរ៉ុម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-2050 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បានចុះរត់គេចខ្លួន)។
ហេតុការណ៍គ្រោះថ្នាក់ខាងលេីបណ្ដាលឲ្យរថយន្ដ ម៉ាក HYUNDAI STAREX ខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ក៏ព្រោះតែរថយន្ដខាងមុខមិនមានសញ្ញាភ្លេីងបំភ្លឺអ្វីដែលអាចជាកត្ដាបញ្រ្ចៀសគ្រោះថ្នាក់បាន មេឃងងឹតលាយឡំភ្លៀងធ្លាក់ធ្វេីឱ្យការបេីកបរមានការលំបាកក្នុការងគ្រប់គ្រងស្ថានការណ៍បាន។
ក្រោយកេីតហេតុមន្ត្រីនគរបាលបានជួយអន្ដរាគមន៍សង្រ្គោះអ្នករបួសទាំងអស់បានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ចំពោះរថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការដំណោះស្រាយតាមនីតិវិធីច្បាប់៕











