(បាត់ដំបង) ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការជំរុញឱ្យវិធានការឆ្លើយតបមានប្រសិទ្ធភាព ដោយត្រូវគិតគូរពីសតិអារម្មណ៍របស់មហាជនចំពោះប្រធានបទនោះ ជាធាតុចូលសម្រាប់ការតាក់តែងខ្លឹមសារ និងការកំណត់យកប្រភេទមធ្យោបាយសម្រាប់ការឆ្លើយតប បន្សាប បំភ្លឺ ឬសម្រាប់គាំទ្រដល់ការសរសេរ ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះរាប់បញ្ចូលការស្រង់សំដីអ្នកនាំពាក្យ អ្នកជំនាញ និងអ្នកពាក់ព័ន្ធ។

ឯកឧត្តមថ្លែងបែបនេះក្នុងពិធីបិទវគ្គបំពាក់បំប៉នស្តីពី«ការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ»ជូនដល់មន្រ្តីនៃមន្ទីរព័ត៌មានមកពីខេត្តចំនួន៦ រៀបចំឡើងដោយក្រសួងព័ត៌មាន ដែលមន្ទីរព័ត៌មានខេត្តបាត់ដំបងធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៥ ។
ឯកឧត្តមបន្តថា ការងារសាធារណមតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់។ សាធារណមតិជាការឆ្លើយតប បន្សាប បំភ្លឺ ឬការសរសេរដោយប្រព័ន្ធផ្សព្វផ្សាយ ដែលបានស្រង់សំដីអ្នកនាំពាក្យ អ្នកជំនាញ ត្រូវគិតគូរពីសតិអារម្មណ៍របស់មហាជនចំពោះប្រធាននោះ ដើម្បីវិធានការឆ្លើយតបចំគោលដៅ មានប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរព័ត៌មានទាំងអស់ ត្រូវពិនិត្យតាមដានរាល់ព័ត៌មានមិនពិត ព្រមទាំងទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលា រាល់ព័ត៌មានទាំងអស់ដែលបានផ្សព្វផ្សាយតាមបច្ចេកវិទ្យាទំនើប ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព សណ្ដាប់ធ្នាប់ សន្តិសុខក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស។

មន្ទីរព័ត៌មានទាំងអស់ត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបង្កើនជំនឿទុកចិត្ត ផ្ដល់ព័ត៌មានពិត មានគុណភាព និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋសំដៅធ្វើឱ្យប្រជាពលរដ្ឋមានទំនុកខ្ពស់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។
សម្រាប់ វគ្គបំពាក់បំប៉នស្តីពី«ការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ» ឯកឧត្តមបានចាត់ទុកថាមានសារៈសំខាន់ដែលបានជួយដល់មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិ មានចំណេះដឹងគ្រប់គ្រាន់ក្នុងការអនុវត្តន៍ការងារប្រចាំថ្ងៃ។

ក្នុងន័យនេះឯកឧត្តមបានណែនាំដល់មន្ត្រីមន្ទីរព័ត៌មានទាំងអស់ ត្រូវបន្តសហការធ្វើការងារជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធឱ្យបានល្អប្រសើរថែមទៀតដើម្បី ផ្សព្វផ្សាយ ព័ត៌មានពិតជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង បានសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រោមឱវាទនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងដែលកន្លងមកបានរួបរួមសាមគ្គីគ្នាខិតខំបំពេញការងារអស់ពីសមត្ថភាពជូនថ្នាក់ដឹកនាំក្នុងព្រឹត្តការណ៍ធំៗនានាព្រមទាំងបានបំពេញការងារជូនអង្គភាពរហូតសម្រេចបានលទ្ធផលគាប់ប្រសើរ។

លោក ផេង សិទ្ធី បានថ្លែងអំណរគុណដល់គ្រូឧទ្ទេសមកពីក្រសួងព័ត៌មាន ដែលបានខិតខំបង្ហាត់បង្ហាញផ្ទេរចំណេះជំនាញទៅដល់សិក្ខាកាម ខណៈការគ្រប់គ្រងព័ត៌មាន និងសាធារណមតិពិតជាសំខាន់ខ្លាំងណាស់ក្នុងយុគសម័យឌីជីថល។

សូមបញ្ជាក់ថា វគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ មានបទអន្តរាគមន៍ស្តីប្រធានបទការងារជំនាញចំនួន០៦ ៖

ទី១- បច្ចេកទេសរៀបចំ និងខ្លឹមសារបែបសាធារណមតិ ដោយឯកឧត្តមបណ្ឌិត ឆាយសុផល រដ្ឋលេខាធិការក្រសួងព័ត៌មានទី

២- ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី  ដែលបង្ហាញដោយឯកឧត្តមទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន

ទី៣- ការចងក្រងបណ្តាញ ការគ្រប់គ្រងព័ត៌មាន ការផលិតមាតិកា សម្រាប់ផ្សាយបែបឌីជីថល ជាពិសេសបណ្តាញសង្គម ដោយកញ្ញា បូរិន សុភាវុទ្ធតី អនុព័ន្ធសារព័ត៌មាន នៃខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន

ទី៤-ការតាមដាន វិភាគចងក្រងព័ត៌មាន និងការឆ្លើយតបព័ត៌មានក្លែងក្លាយដោយកញ្ញា ឆន ណាវី អគ្គនាយិការង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

ទី៥- របៀបរបបការងាររបស់មន្ទីរព័ត៌មាន និងក្រុមការងារពាក់ព័ន្ធ ដោយលោក ខាត់ សុគន្ធឌីណា ប្រធានមន្ទីរសម្របសម្រួលមន្ទីររាជធានីខេត្ត

និងទី៦- ការគ្រប់គ្រង និងវាយតម្លៃសមិទ្ធកម្មការងារ ដោយកញ្ញា ម៉ា បុប្ផា អនុប្រធាននាយកដ្ឋាននីតិកម្ម នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed