កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលជំនាញ អាជ្ញាធរខណ្ឌ និងដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែងពាក់ព័ន្ធបទល្មើស Online Scam និងការស្នាក់នៅប្រមូលម្តុំជនបរទេសខុសច្បាប់ នៅក្នុងទីតាំងអគារខុនដូរ HANA អគារលេខ១៤៦៩ ផ្លូវ១០៨៩ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤៨នាក់ (ស្រី១០នាក់) មាន៤សញ្ជាតិ ក្នុងនោះ ជនជាតិកូរ៉េខាងត្បូង ចំនួន៣៣នាក់ (ស្រី៥នាក់) ⁠ជនជាតិនេប៉ាល់ ចំនួន១នាក់ (ប្រុស) ⁠ជនជាតិបង់ក្លាដេស ចំនួន ១នាក់ (ប្រុស) ⁠និងជនជាតិខ្មែរចំនួន១៣នាក់ (ស្រី៥នាក់)។

ក្រៅពីនេះ អាជ្ញាធរក៏បានរឹបអូសសម្ភារៈបម្រើឱ្យការប្រព្រឹត្តបទល្មើស Scam Online រួមមាន កុំព្យូទ័រ ចំនួន៦០គ្រឿង ⁠ទូរដែក ចំនួន ៣គ្រឿង និង⁠លិខិតឆ្លងដែន សរុបចំនួន ៣៥ច្បាប់។ ក្រោយពីប្រតិ្តបត្តិការ ជនសង្ស័យទាំង៤៨នាក់ រួមទាំងវត្ថុតាង ត្រូវបានប្រគល់ឲ្យស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦កញ្ញានេះ មិនបានបញ្ជាក់លំអិតពីករណីនេះនោះទេ ដោយលោកថា នេះជារង្វង់ប្រតិបត្តិការរបស់គណៈបញ្ជាការរដ្ឋបាលរាជធានីភ្នំពេញ។

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធ នឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

 


Leave a Reply

Your email address will not be published. Required fields are marked *

You missed