នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៤៖១៧នាទី មានករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ដោយក្រុមជនសង្ស័យចំនួនមួយក្រុម បានធ្វើសកម្មភាពចាប់ជនរងគ្រោះចំនួន ០២នាក់ រួមមាន៖ ១.ឈ្មោះ TRAN HONG TRANG ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម និងទី២.ឈ្មោះ NGAN THI KE ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលក្នុងវ៉ាលី រួចលើកចូលក្នុងរថយន្ត ចេញពីទីតាំង ជី យៀន រីសត ស្ថិតក្នុងភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋានខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ។

លុះនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៖២០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយជួយសង្រោះជនរងគ្រោះចំនួន ០២នាក់ខាងលើ នៅចំណុចភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលត្រូវបានក្រុមជនសង្ស័យកំពុងធ្វើការបង្ខាំង។

រហូតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៤៖១០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ រួមមាន ៖ ១-ឈ្មោះ XIE CHENGPING ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិចិន និង២-ឈ្មោះ LUO DEYUAN ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិចិន ឃាត់ខ្លួនត្រង់ចំណុចសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរតាមនីតិវីធី៕

 


Leave a Reply

Your email address will not be published. Required fields are marked *

You missed