(ភ្នំពេញ)៖ សមត្ថកិច្ចមូលដ្ឋាននៅតែបន្តបង្ក្រាបករណីក្មេងទំនើង និងល្បែងស៊ីសងមិនដកដៃឡើយ ដោយរយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងនគរបាលជាតិ បានបង្ក្រាបក្មេងទំនើងសរុប ១៥ករណី ឃាត់ខ្លួនមនុស្ស ៥៩នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ០៥ករណី ឃាត់ខ្លួនជនងប់ល្បែង និងអ្នកពាក់ព័ន្ធចំនួន ១៨នាក់។ នេះបើយោងតាមការឱ្យដឹងពី លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

លោក ទូច សុឃៈ បានបញ្ជាក់ថា សមត្ថកិច្ចបានអនុវត្តតាមវិធានការច្បាប់ ដោយចាប់បញ្ជូនក្រុមក្មេងទំនើងទាំងអស់ទៅតុលាការ។ ចំណែកអ្នកប្រព្រឹត្តល្បែងទាំង ១៨នាក់នោះ មាន ០៦នាក់ បញ្ជូនទៅតុលាការ និង ១២នាក់ទៀត ទទួលការអប់រំណែនាំ និងធ្វើកិច្ចសន្យា មុនអនុញ្ញាតឱ្យត្រលប់ទៅផ្ទះ។

ករណីក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ កំពង់ស្ពឺ ក្រចេះ កំពង់ចាម ឧត្តរមានជ័យ និងបន្ទាយមានជ័យ។

លោក ទូច សុឃៈ បានសង្កត់ធ្ងន់ថា ក្នុងរដូវការកាន់បិណ្ឌ និងឈានទៅប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ការអនុវត្តវិធានការបង្ក្រាបនឹងបន្តធ្វើឡើងកាន់តែតឹងរឹងជាងមុន ពោលគឺ ជនល្មើសនឹងត្រូវជួបវាសនាឃុំខ្លួនក្នុងពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ ទាំងដែលតាមជំនឿខ្មែរពួកប្រែតទាំងឡាយត្រូវបានដោះលែងឱ្យមកទទួលបុណ្យកុសលពីសាច់ញាតិ៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed