ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ មានករណីឃាតកម្មកើតឡើង នៅចំណុចផ្ទះលេខ២៨៧ ផ្លូវបេតុង ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យឈ្មោះ ហុក វិរៈ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពប្រើកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ងិន ធីរ៉ា ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរមន្ត្រីនគរបាលចូលនិវត្តន៍ បណ្តាលឱ្យបាត់បង់ជិវិតភ្លាមៗ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះដល់ទីតាំងកើតហេតុ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យជុំវិញទីតាំងកើតហេតុ។

លុះនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖២០នាទី កម្លាំងជំនាញបានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងខេត្តកណ្តាល រហូតឃាត់ខ្លួនបានជនសង្ស័យខាងលើនៅចំណុចភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី។

ជនសង្ស័យខាងលើ បានសារភាពថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ងិន ធីរ៉ា បណ្តាលឱ្យស្លាប់ប្រាកដមែន មូលហេតុដោយសារតែខឹងជនរងគ្រោះហាមឃាត់កុំឱ្យខ្លួនស្រែកឡូឡាពេក។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងបញ្ជូនខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តនីតិវិធី៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed