ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់។
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ មានករណីចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ចំនួន ២០,០០០$ ទៅលើជនរងគ្រោះឈ្មោះ Do Thi My Duyen ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ E02552510 ចេញពីចំណុច សណ្ឋាគារជៀវជូវ ស្ថិតក្នុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួនមួយក្រុម។
ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលព្រះសីហនុ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។
លុះនៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ២០៖៤០នាទី កម្លាំងជំនាញបានធ្វើការជួយសង្គ្រោះជនរងគ្រោះខាងលើ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ រួមមាន៖
១-ឈ្មោះ Zhang Wei អាយុ ៣៦ឆ្នាំ ភេទប្រុស ជនជាតិចិន
២-ឈ្មោះ Wang Yu Zhuo ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន។ ឃាត់ខ្លួនត្រង់ចំណុចផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

