នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្រ្ត សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នឹងឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប និងក្នុងភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្នុងដំណើរនេះ មានការចូលរួមពីលោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោក ខា អ៊ីត អនុប្រធានការិយាល័យ វិវាទកម្ម នៃរដ្ឋបាលជលផល កម្លាំងផ្នែករដ្ឋបាលជលផលព្រែកទាល់ សង្កាត់រដ្ឋបាលជលផលកំពង់ប្រហុក ដឹកនាំដោយលោក ឡេង សុវណ្ណដារ៉ា នាយផ្នែករដ្ឋបាលជលផលព្រែកទាល់ សហគមន៍នេសាទព្រែកទាល់។

កម្លាំងសរុបចំនួន ១១នាក់ កាណូតចំនួន ០៣គ្រឿង បានចេញប្រត្តិបត្តិការណ៍ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសចាប់ពីចំណុចចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប រហូតដល់ចំណុចឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រុមការងារបានចុះទៅភូមិសាស្រ្ត សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប និងឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប បានពិនិត្យការធ្វើនេសាទដោយឧបករណ៍លបរ៉ាវ ចំនួន ១២របាំង។ ចំណែក នៅក្នុងភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំខេត្តបាត់ដំបង បានធ្វើការពិនិត្យឧបករណ៍លបរ៉ាវ ចំនួន ១០របាំងបន្ទាប់ពីក្រុមការងារបានពិនិត្យជាក់ស្តែង ទាំងពីរទីតាំងខាងលើឃើញថាប្រជាពលរដ្ឋដែលកំពុងតែប្រកបមុខរបរនេសាទបានយល់ដឹង និងអនុវត្តត្រឹមត្រូវតាមច្បាប់ស្តីពីជលផលពិតប្រាកដមែន។

ជាចុងបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណក្រុមការងារចំពោះបេសកកម្មប្រកបដោយអត្ថន័យឆន្ទៈជាតិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បីជួយទប់ស្កាត់បទល្មើស និងអភិរក្សធនធានជលផលក្នុងបឹងទន្លេសាប ដែលជាធនធានដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយមន្រ្តីជំនាញនឹងចូលរួមសហការក្នុងប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយផ្លែផ្កា៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed