(ភ្នំពេញ) ៖ ក្នុងនាមជាអ្នកគ្រប់គ្រងប្រព័ន្ធអប់រំដែលបានចូលរួមចំណែកលើកកម្ពស់ប្រើប្រាស់ប្រាក់រៀល តាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ប្រាក់រៀលគឺជាអត្តសញ្ញាណ និងជានិម្មិតរូបនៃមោទនភាពជាតិខ្មែរដែលត្រូវរួមគ្នាប្រើប្រាស់ឲ្យបានផុសផុល។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា ប្រាក់រៀលគឺជាតំណាងឲ្យប្រទេសជាតិរបស់កម្ពុជា ។ ដូច្នេះត្រូវរួបរួមគ្នាប្រើប្រាស់ឲ្យបានទូលំទូលាយ ។

បន្ទាប់ពីធនាគារជាតិកម្ពុជា បំផុសចលនាចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់សេវាទូទាត់សងប្រាក់នៅកម្ពុជាកាលពីពេលកន្លងមក ឯកឧត្តមរដ្ឋមន្រ្តីអះអាងថា ក្រសួងអប់រំបានចូលរួមចលនានេះយ៉ាងផុសផុល ។ ប៉ុន្តែបើតាមឯកឧត្តមរដ្ឋមន្រ្តី ជាមួយនឹងចលនានេះ ការទូទាត់សម្រាប់ការដោះដូរអ្វីមួយនោះ ខាងប្រព័ន្ធអប់រំបានជួបបញ្ហាប្រឈមខ្លះៗផងដែរ ដូចជា នៅពេលទៅទិញសម្ភារៈដើម្បីសាងសង់សាលារៀន ភាគីម្ខាងទៀតដែលម្ចាស់អាជីវកម្មបានទូទាត់ជាប្រាក់ដុល្លារវិញ ដែលចំណុចនេះជាបញ្ហាប្រឈមដែលទាមទារឲ្យប្រើប្រាស់ប្រាក់រៀលទូទាត់សងត្រឡប់មកវិញ ខណៈប្រាក់រៀលជាប្រាក់តំណាងឲ្យជាតិទាំងមូល។

“ប្រាក់រៀលគឺជាអត្តសញ្ញាណជាតិ ជានិម្មិតរូបនៃមោទនភាពជាតិ ។ នៅលើក្រដាសប្រាក់រៀល មានព្រះឆាយលក្ខណ៍របស់សម្តេចព្រះបរមរតនកោដ្ឋ ព្រះឆាយលក្ខណ៍របស់ព្រះមហាក្សត្រដែលជានិម្មិតរូបរបស់កម្ពុជាជាដើម ក៏ដូចជា មានរូបប្រាសាទផ្សេង ៗ”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ធនាគារជាតិកម្ពុជា និងក្រសួងអប់រំបានរួមគ្នាចេញសេចក្តីណែនាំ ស្តីពី ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់នៅតាមគ្រឹះស្ថានសិក្សាក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់សេវាទូទាត់សងប្រាក់ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន ។ សេចក្តីណែនាំរំលេចថា ត្រូវពិនិត្យលទ្ធភាពបើកគណនីប្រាក់បញ្ញើ គណនីទូទាត់សងប្រាក់ជាប្រាក់រៀល និងបើកប្រាក់បៀវត្ស តាមប្រព័ន្ធធនាគារដល់គ្រប់បុគ្គលិកអប់រំទាំងអស់។ បង្ហាញតម្លៃសិក្សា និងសេវានានាជាប្រាក់រៀល និងរៀបចំយន្តការសម្របសម្រួល និងលើកទឹកចិត្តដល់បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា ឬអ្នកអាណាព្យាបាលរបស់សិស្ស និងអ្នកពាក់ព័ន្ធ ក្នុងការធ្វើប្រតិបត្តិការទូទាត់ទៅគណនីធនាគារ ជាប្រាក់រៀលក្នុងសកម្មភាពដូចជា ៖ ការបង់ថ្លៃសិក្សា និងសេវាទូទាត់ផ្សេងៗ៕


Leave a Reply

Your email address will not be published. Required fields are marked *