(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារឆ្នាំបន្ត ជាពិសេសផ្តោតសំខាន់ការងារអាទិភាពឆ្លើយតបទៅនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសរំលឹក និងមតិណែនាំសំខាន់ៗមួយចំនួនឆ្លើយតបនឹងស្ថានភាពព្រំដែន កម្ពុជា–ថៃ ដោយ៖
១) មន្រ្តីសុខាភិបាល ត្រូវបង្កើនការសហការគ្នា ជួយគាំទ្រនូវគ្រប់មធ្យោបាយ មានភាពម្ចាស់ការ លំនឹងនិងច្បាស់លាស់ទាំងការបម្រើសេវាសុខាភិបាលនៅអង្គភាព និងការងារព្រំដែន។ សូមកុំបណ្តោយឱ្យកើតមានបញ្ហា ក្នុងពេលដែលយើងកំពុងជួបប្រទះបញ្ហា។
២) សូមលើកទឹកចិត្តឱ្យមានការអត់ធ្មត់ ការគិតគូរ និងការបំពេញភារកិច្ចសង្គ្រោះប្រជាពលរដ្ឋ និងវីរកងទ័ពឱ្យអស់ពីលទ្ធភាព
៣) សកម្មភាពឆ្លើយតប ត្រូវអនុវត្តដោយការបត់បែន និងត្រៀមនូវផែនការគ្រប់ជំហាន ដើម្បីឆ្លើយតបទៅតាមស្ថានភាពការងារតំបន់ព្រំដែន
៤) ត្រូវភ្ជាប់ខ្លួនជាមួយនឹងដំណើរវិវឌ្ឍន៍នៃស្ថានភាពប្រទេសជាតិ ហើយត្រូវស្ថិតក្នុងភាពច្បាស់លាស់ជានិច្ច
៥) មន្ត្រីសុខាភិបាល ត្រូវមានឥរិយាបថមួយដែលផ្តល់ជាឥទ្ធិពលល្អ ដើម្បីផ្តល់ការជឿទុកចិត្ត ការគោរព និងសេចក្តីថ្លៃថ្នូរក្នុងវិជ្ជាជីវៈសុខាភិបាល។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសេីរ និងវាយតម្លៃខ្ពស់នូវចលនាគ្រប់កម្រិតក្នុងប្រព័ន្ធសុខាភិបាលចាប់ពីកម្រិតថ្នាក់ដឹកនាំ មន្ទីរពេទ្យជាតិ ដល់កម្រិតខេត្ត ដែលមានការចូលរួមសហការគាំទ្រដល់ខេត្តជាប់ព្រំដែន និងការសស្រាក់សស្រាំរបស់មន្រ្តីសុខាភិបាល ដោយមិនគិតពីភាពនឿយហត់ ក្នុងការបម្រើសេវាសុខាភិបាលដល់ប្រជាពលរដ្ឋ ជនភៀសសឹក និងវីរកងទ័ព៕


Leave a Reply

Your email address will not be published. Required fields are marked *