(ស្វាយរៀង)៖ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០០៖៥៥នាទី មានជនសង្ស័យមួយក្រុម ជាជនជាតិចិន បានធ្វើសកម្មភាពចាប់បុរសជនជាតិចិនម្នាក់ដាក់ចូលក្នុងរថយន្ត ០១គ្រឿង ម៉ាក RANGE ROVER ពណ៌ស ផ្លាកលេខ ភ្នំពេញ 2CD-8488 ចេញពីចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ ដោយកំណត់បានទីតាំងដែលក្រុមជនសង្ស័យយកជនរងគ្រោះទៅបង្ខាំង និងធ្វើទារុណកម្ម។
លុះនៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៤៖៥០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ រួមមាន៖
ទី១៖ ឈ្មោះ LI LING ភេទប្រុស ជនជាតិចិន
ទី២៖ ឈ្មោះ WANG JING ភេទប្រុស ជនជាតចិន
ទី៣៖ ឈ្មោះ AI NI ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា
ទី៤៖ ឈ្មោះ SAI AUNG XIENG ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា
ទី៥៖ ឈ្មោះ A SAN ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា
ទី៦៖ ឈ្មោះ AI LONG ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា
ទី៧៖ ឈ្មោះ SAN YI KUN ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា
ទី៨៖ ឈ្មោះ NI LIE ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា ឃាត់ខ្លួនត្រង់ចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងនោះកម្លាំងជំនាញបានជួយសង្គ្រោះជនរងគ្រោះចំនួន ០៦នាក់ ភេទប្រុស ជាជនជាតិចិន និងដកហូតបានវត្ថុតាងធ្វើទារុណកម្មមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីអនុវត្តនីតិវិធីបន្ត៕

