(ភ្នំពេញ)៖ ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះលោកវេជ្ជបណ្ឌិត គាស់បំបែកទូរដែកយកប្រាក់ និងគ្រឿងអលង្ការសរុបជាទឹកប្រាក់ចំនួន ១១២.៤៥០ដុល្លារ (មួយសែនមួយម៉ឺនពីរពាន់បួនរយហាសិបដុល្លារ) ហើយគេចខ្លួនបានតែ ០២ថ្ងៃ។

សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ចាង ទៀន វៃ (Zhang Dian Wei) ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EP2843056 មុខរបរលក់បាយ ស្នាក់នៅផ្ទះ៣៣ បុរី ជីប ម៉ុង លែន ពោធិ៍ចិនតុង ផ្លូវ១១៣K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ឥន សម្ភាវិត ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាវេជ្ជបណ្ឌិត មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣៥ បុរី ជីប ម៉ុង លែន ពោធិ៍ចិនតុង ផ្លូវ១១៣K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមគ្រួសារជនរងគ្រោះបានធ្វើដំណើរកម្សាន្តទៅខេត្តមណ្ឌលគីរី និងសម្រាកនៅមណ្ឌលគីរី ០១យប់។ លុះនៅវេលាម៉ោងប្រហែល ៤៖៣០នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបក្រុមគ្រួសារជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែឃើញផ្ទះរបស់ខ្លួនបើកទ្វាចំហ ត្រូវចោររើរុះ និងឃើញទូដែកដែលដាក់គ្រឿងអលង្ការផ្សេងៗត្រូវបានគាស់បំបែកយកលុយ និងសម្ភារៈក្នុងទូកដែកទាំងអស់។

លោក ម៉ន វុធី បានបន្តទៀតថា នៅក្នុងសកម្មភាពជនសង្ស័យបានគាស់យកលុយ និងគ្រឿងអលង្ការ រួមមាន៖ ប្រាក់ដុល្លារប្រហែល ៤៥.០០០ដុល្លារ, ចិញ្ចៀនពេជ្រ ០៣វង់ គិតជាប្រាក់ចំនួន ១១.៥០០ដុល្លារ, ខ្សែដៃពេជ្រ ០២ខ្សែ ១១.០០០ដុល្លារ, ខ្សែដៃមាស ០២ខ្សែ (ទម្ងន់ ០១តម្លឹង) គិតជាប្រាក់ចំនួន ៥.៥០០ដុល្លារ, ខ្សែកមាស ០៤ខ្សែ (ទម្ងន់ ០១តម្លឹងគន្លះ) គិតជាប្រាក់ចំនួន ៨.២៥០ដុល្លារ, ខ្សែកផ្លាកទីន ០២ខ្សែ (ទម្ងន់ ០៤តម្លឹង) គិតជាប្រាក់ចំនួន ១៦.០០០ដុល្លារ, ចិញ្ចៀនមាស ០១វង់ (ទម្ងន់ ០៥ជី) គិតជាប្រាក់ចំនួន ២.៣០០ដុល្លារ, ចិញ្ចៀនផ្លាកទីន ០៣វង់ (ទម្ងន់ ០៨ជី) គិតជាប្រាក់ចំនួន ២.៥០០ដុល្លារ, ចិញ្ចៀនត្បូងទន្ទឹម ០១វង់ គិតជាប្រាក់ចំនួន ៦០០ដុល្លារ, កងដៃមាស ០១កង (ទម្ងន់ ០៨៨) គិតជាប្រាក់ចំនួន ២.៣០០ដុល្លារ, ក្រវិពេជ្រ ០១គូ គិតជាប្រាក់ចំនួន ៥.៥០០ដុល្លារ និងកងដៃផ្លាកទីន ០២កង គិតជាប្រាក់ចំនួន ២.០០០ដុល្លារ សរុបជាទឹកប្រាក់ចំនួន ១១២.៤៥០ដុល្លារ (មួយសែនមួយម៉ឺនពីរពាន់បួនរយហាសិបដុល្លារ)។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៩៖៣០នាទី កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ម៉ន វុធី អធិការ បានសហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ រួមលោកនាយប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនខាងលើដែលស្នាក់នៅជាប់គ្នា។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយបំបែកកញ្ចក់ទ្វារខាងក្រោយផ្ទះរបស់ជនរងគ្រោះ ហើយចូលលួចសម្ភារៈ និងគ្រឿងអលង្ការពិតប្រាកដមែន។

ក្នុងនោះ សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញទីតាំងដែលយកសម្ភារៈដែលលួចបានទៅលាក់ទុកនៅក្នុងផ្ទះ និងរួមវត្ថុតាងមួយចំនួនផ្សេងទៀតដែលជនសង្ស័យខាងលើប្រើប្រាស់ធ្វើសកម្មភាព និងបានយកទៅប្លុងចោលនៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តន៍តាមនីតិវិធី៕


Leave a Reply

Your email address will not be published. Required fields are marked *