(ស្វាយរៀង) ៖ យ៉ាងហោចណាស់មានជនសង្ស័យចំនួន ៦៥៨នាក់ ភាគច្រើនជាជនបរទេស ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងចំនួន ០២កន្លែង ពាក់ព័ន្ធករណីសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមកាឱ្យដឹងពី លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

បើតាមលោក ទូច សុឃៈ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយគណៈកម្មការចំពោះកិច្ចនៃក្រសួងមហាផ្ទៃ ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។

គោលដៅទី១ គឺអគារស្ថិតនៅលើផ្លូវបេតុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាលទ្ធផលរកឃើញជនបរទេសសរុបចំនួន ៥៧នាក់ (ស្រី ១៥នាក់) មាន ០៦សញ្ជាតិ ក្នុងនោះមានជនជាតិខ្មែរចំនួន ១២នាក់ ធ្វើការផ្នែកអនាម័យ សន្តិសុខ និងបកប្រែ។

គោលដៅទី២ គឺអគារភ្លោះកម្ពស់ ០៩ជាន់ ស្ថិតនៅលើផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាលទ្ធផលរកឃើញជនបរទេសសរុបចំនួន ៦០១នាក់ មាន ០៤សញ្ជាតិ។

តាមរយៈការត្រួតពិនិត្យវត្ថុតាង និងធ្វើកោសល្យវិច័យបឋម គណៈកម្មការចំពោះកិច្ចក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដឹកនាំដោយ នាយឧត្ដមសេនីយ៍ កែវ វណ្ណថន រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការ បានសន្និដ្ឋានថា គោលដៅទី១ ជាទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) តាមរូបភាពក្លែងបន្លំជាសមត្ថកិច្ច ដើម្បីគំរាមជនរងគ្រោះ។ ចំណែកគោលដៅទី២ ជាទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ក្រោមរូបភាពវិនិយោគទទួលបានប្រាក់ចំណេញខ្ពស់ ការបង្កើតរូបភាពប្រតិបត្តិការធនាគារក្លែងក្លាយ ការបង្កើតទំនាក់ទំនងក្រោមរូបភាពស្នេហា ការចុះឈ្មោះរត់កីឡាម៉ារ៉ាតុងក្លែងក្លាយ និងការប្រើប្រាស់បច្ចេកវិទ្យា Ai Deep Fake ក្លែងវីដេអូ និងរូបភាពសម្រាប់ក្លែងអត្តសញ្ញាណ។

លោក ទូច សុឃៈ បានអះអាងថា ប្រតិបត្តិការខាងលើ ជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ពីឆន្ទៈពិតប្រាកដ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពប្រាកដនិយមរបស់កម្ពុជា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមជាសកលមួយនេះ ជាក់ស្ដែងក្នុងអាណត្តិទី៦ កម្ពុជាបានបណ្ដេញចេញជនបរទេសពាក់ព័ន្ធចំនួន ២១.០០០នាក់ និងបានបណ្ដេញចេញ ចំនួន ១៥.០០០នាក់ ក្នុងរយៈពេលជាង ០២ឆ្នាំមកនេះ។

បើគិតក្នុងរយៈពេល ០៩ខែ នៃ ឆ្នាំ២០២៥ នគរបាលជាតិកម្ពុជា បានស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៤៨លើក និងបានបណ្ដេញជនបរទេសចេញពីកម្ពុជាសរុបចំនួន ២.៧២២នាក់៕


Leave a Reply

Your email address will not be published. Required fields are marked *