(កំពង់ស្ពឺ) ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ចន្លោះបង្គោលគីឡូលេខលេខ៨២-៨៣ ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ដែលបង្កឡើងដោយរថយន្ដ ០២គ្រឿង បើកបរបញ្រ្ចាសទិសដៅគ្នានៅលើកំណាត់ផ្លូវដែលកំពុងតែមានធ្លាក់ភ្លៀងខ្លាំងរអិល បណ្ដាលឱ្យមានអ្នករងរបួសមួយចំនួន។
លោកវសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា លោកបានបញ្ជាឱ្យជំនាញចរាចរណ៍ស្រុក ចុះទៅកាន់កន្លែងកើតហេតុឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត រួចជ្រុលទៅបុកកន្លែងលក់ភេសជ្ជៈលើចំណីថ្នល់ជាតិ ។
សមត្ថកិច្ច បានឱ្យដឹងដែរថា មុនដំបូងរថយន្ត ០១គ្រឿង ម៉ាក FUSO ពណ៌បៃតង ផ្លាកលេខ ភ្នំពេញ 3D-0305 សណ្តោងសឺមីរ៉ឺម៉ក ពណ៌ខៀវ ផ្លាកលេខ កណ្តាល 4A-0282 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចចេញពីកន្លែងកើតហេតុ) បើកបរពីទិសខាងលិចទៅទិសខាងកើត បានបុករថយន្ត ០១គ្រឿង ម៉ាក SHACMAN ពណ៌ស ផ្លាកលេខ ភ្នំពេញ 3G-7104 សណ្តោងសឺមីរ៉ឺម៉ក ពណ៌ស ផ្លាកលេខ ភ្នំពេញ 4B-2193 បើកបរដោយឈ្មោះ មោគ ព្រឹកឆៃលី ប្រុស ៣៧ឆ្នាំ នៅភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា។
សមត្ថកិច្ច បានបន្តទៀតថា បន្ទាប់មករថយន្ត ម៉ាក FUSO បានជ្រុលមកបុកកន្លែងលក់ភេសជ្ជៈ (បាំងឆ័ត្រ) របស់ឈ្មោះ ប៊ូ តុប ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បណ្តាលឱ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារៈតូប (ឆ័ត្រចំនួន៣ តុ១ ទូ១ ភេសជ្ជៈមួយចំនួន)ផងដែរ។
បច្ចុប្បន្ន មធ្យោបាយបង្ករថយន្តទាំង ០២គ្រឿង កំពុងចាត់ចែងយកចេញពីកន្លែងកើតហេតុ និងចំណាត់ការបន្ដតាមនីតិវិធីច្បាប់៕












