ជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានជនជាតិចិន២នាក់ និងខ្មែរ២នាក់ត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅធ្វើការឃាត់ខ្លួនពាក់ព័ន្ធការចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ចំនួន១០ម៉ឺនដុល្លារ និងរំលោភសេពសន្ថវៈ។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២៦ ខែសីហា ដោយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន និងកម្លាំងសមត្ថកិច្ចក្រុងបាវិត ខេត្តស្វាយរៀង

ជនសង្ស័យទាំង០៤នាក់ រួមមាន ទី១ឈ្មោះ ZHU ZONG LIANG ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន ទី២ឈ្មោះ YI MING XING ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន ទី៣ឈ្មោះ សាន ស្រីនិ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅ អគារខុនដូ R&F បន្ទប់លេខ 1507 ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី៤ ឈ្មោះ សួស សារ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅខេត្តកំពង់ចាម មុខរបរលក់ដូរ។

ក្នុងរង្វង់ការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន អាវុធខ្លី០១ដើម ដំបងឆក់០១ដើម ខ្នោះ០១គូ រួមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួន។ ជនសង្ស័យកំពុងសាកសួរនាំ និងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕

 


Leave a Reply

Your email address will not be published. Required fields are marked *

You missed