យោងតាមរបាយការណ៍បឋមពីលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលជង្រុក បានឱ្យដឹងថា មានករណីក្មេងទំនើងប្រើប្រាស់កាំបិតផ្គាក់ ដេញកាប់ និងកាប់បំផ្លាញម៉ូតូប្លន់យកផ្លាកលេខមួយបានកើតឡើង កាលពីវេលាម៉ោង ១៖៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិចំប៉ា ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។

ជនរងគ្រោះក្នុងហេតុការណ៍នេះមានចំនួន ០៣នាក់ រួមមាន៖ ទី១. ឈ្មោះ កុច វណ្ណៈ ភេទប្រុស អាយុ ២៣ឆ្នាំ (ជាអ្នកបើកបរ) មុខរបរកម្មករ ទី២. ឈ្មោះ ង៉ែត ចាន់តារា ភេទប្រុស អាយុ ២០ឆ្នាំ (អ្នកជិះកណ្តាល) ទី៣. ឈ្មោះ តុង មាឃ ភេទប្រុស អាយុ ២៣ឆ្នាំ (អ្នកជិះខាងក្រោយ)។ អ្នកទាំងបី មានទីលំនៅភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

មុនពេលកើតហេតុ ជនរងគ្រោះទាំង ០៣នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាក Honda Scoopy ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1LP-9334 ចេញពីផ្ទះទៅសួរសុខទុក្ខមិត្តភក្តិនៅមន្ទីរពេទ្យអ័រគីដេ។ លុះពេលត្រឡប់មកផ្ទះវិញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ មកដល់ចំណុចមុខវត្តថ្មី ស្រាប់តែលេចមុខក្រុមជនសង្ស័យចំនួន ០៤នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ មកកាក់ស្ទាក់។

ភ្លាមៗនោះ ក្រុមជនសង្ស័យបានទាញកាំបិតផ្គាក់កាប់ទៅលើក្រុមជនរងគ្រោះ តែសំណាងល្អមិនត្រូវ។ ដោយក្តីភ័យស្លន់ស្លោ ជនរងគ្រោះទាំង ០៣នាក់ ក៏បានផ្តួលម៉ូតូរត់យករួចខ្លួន។ ឆ្លៀតឱកាសនោះ ក្រុមជនសង្ស័យបានកាប់បំផ្លាញផ្នែកក្បាលម៉ូតូជនរងគ្រោះ កាប់ផ្តាច់យកផ្លាកលេខ មុននឹងជិះម៉ូតូរត់គេចខ្លួនទៅទិសខាងជើងបាត់ស្រមោល។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចស្រុកបាទី។

តាមការស្រាវជ្រាវ ក្រុមជនសង្ស័យគឺជាមុខសញ្ញាសកម្ម ដែលតែងតែធ្វើសកម្មភាពកាប់ប្លន់យកផ្លាកលេខម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រឃុំចំនួន៣ គឺឃុំតាំងដូង និងឃុំសូរភី (ស្រុកបាទី) និងឃុំជង្រុក (ស្រុកគងពិសី) ដោយពួកគេធ្លាប់ធ្វើសកម្មភាពបានចំនួន ០៣ករណីមកហើយ (២ករណីក្នុងស្រុកបាទី និង ០១ករណីក្នុងស្រុកគងពិសី)។

ដោយមានការសម្របសម្រួលសហការរវាងលោកអធិការរងនគរបាលស្រុកបាទី និងស្រុកគងពិសី ព្រមទាំងទទួលបានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីលោកអធិការនគរបាលស្រុកគងពិសី, លោកវរសេនីយ៍ត្រី សំ ហេង មេប៉ុស្តិ៍នគរបាលរដ្ឋបាលជង្រុក បានដឹកនាំកម្លាំងសហការផ្ទាល់ជាមួយលោកមេប៉ុស្តិ៍តាំងដូង និងលោកមេប៉ុស្តិ៍សូរភី ចុះប្រតិបត្តិការបង្ក្រាបករណីនេះយ៉ាងក្តៅគគុក។

ជាលទ្ធផល កម្លាំងចម្រុះបានឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ០៤នាក់ ដែលក្នុងនោះ៖ ម្នាក់រស់នៅភូមិចំប៉ា, ម្នាក់នៅភូមិសំរោង និង ០២នាក់ទៀតរស់នៅភូមិភ្នំតូច។

បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ ត្រូវបានប្រគល់ជូនលោកអធិការរងទទួលបន្ទុកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed