(កំពត) ៖ កាលពីយប់ម៉ោងប្រមាណ ៩៖៣៩នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ មានករណីបាញ់រះកើតឡើង បណ្តាលឱ្យស្លាប់មនុស្ស ០៣នាក់ របួសធ្ងន់ ០១នាក់ ។ ហេតុការណ៍នេះ បានកើតឡើង នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ ករណីនេះដែរ ក្រោយពេលកើតហេតុ ជនដៃដល់បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល តែសមត្ថកិច្ចបានកំណត់មុខសញ្ញាបាន និងកំពុងតាមចាប់ខ្លួន។

តាមការឱ្យដឹងពីសមាជិកគ្រួសារជនរងគ្រោះ បានឱ្យដឹងថា គ្រួសារទាំងពីរមានទំនាស់គ្នាជាយូរឆ្នាំមកហើយ។ ករណីដែលឈានដល់មានការបាញ់រះនេះកើតឡើង បណ្តាលមកពីសត្វឆ្កែ។

តាមក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ទាំងអួលដើមក ថា មុនកើតហេតុ ក្រុមគ្រួសារជនរងគ្រោះបានជួបជុំគ្នារៀបចំកម្មវិធីហូបចុក មានទាំងការអាំងសាច់ជាដើម។ ពេលកំពុងអាំងសាច់ជុំគ្រួសារ ស្រាប់តែមានឆ្កែខ្មៅ ០១ក្បាល បានមកពាំសាច់ (ត្រីបបែលអាំង) រត់ចេញទៅក្រៅ តែពេលនោះជនរងគ្រោះម្នាក់ បានយកស្បែកជើងដេញគប់ឆ្កែនោះ តែក៏បានផ្លាតទៅត្រូវប្រពន្ធជនដៃដល់។ បន្ទាប់ពីគប់ត្រូវប្រពន្ធរបស់ជនដៃដល់ ក៏បានបង្កជាជម្លោះ មិនយូរប៉ុន្មាន ប្រពន្ធរបស់ជនដៃដល់ បានទូរស័ព្ទទៅកាន់ប្តីរបស់ខ្លួន។ មួយសន្ទុះក្រោយមក ក៏ឃើញជនដៃដល់បានជិះម៉ូតូមកដល់មុខផ្ទះជនរងគ្រោះ ហើយធ្វើការបាញ់រះដោយមិនសំចៃដៃដោយកាំភ្លើងមិនស្គាល់ម៉ាក ប្រមាណជាង ២០គ្រាប់។

គ្រួសារជនរងគ្រោះ បានបន្តទៀតថា ក្រោយបាញ់សម្លាប់ឱ្យជនរងគ្រោះស្លាប់ ០២នាក់នៅនឹងកន្លែង និងរបួសធ្ងន់ ០២នាក់នៅនឹងកន្លែង ជនដៃដល់មិនអស់ចិត្ត ក៏រត់សំដៅទៅជនរងគ្រោះជាស្ត្រីម្នាក់ដែលមិនទាន់ស្លាប់ ដោយយកកាំភ្លើងវ៉ៃក្បាល់បន្ថែម កាច់បំបាក់ដៃ ហើយបាញ់បន្ថែមរហូតដល់ស្លាប់នៅនឹងកន្លែង។

ក្រោយបាញ់រះសម្លាប់រួច ជនដៃដល់បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល តែសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានកំណត់មុខសញ្ញាបានច្បាស់ភ្លាមៗ ហើយបានបង្ហាញមុខជនដៃដល់ជាសាធារណៈ និងឈានដល់ការផ្តល់ប្រាក់រង្វាន់ ០៤លានរៀល សម្រាប់ការផ្តល់ព័ត៌មានឈានដល់ការឃាត់ខ្លួនជនដៃដល់។

ចំពោះករណីនេះ ពលរដ្ឋជឿជាក់លើចំណាត់ការដ៏ម៉ឺងម៉ាត់ និងរហ័សរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្នុងការតាមចាប់ជនដៃដល់មកកាត់ទោសតាមច្បាប់ ដើម្បីរកយុត្តិធម៌ជូនគ្រួសាររងគ្រោះ។

សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទាំង ០៣នាក់មានឈ្មោះ៖ ១.អែល វី ភេទប្រុស អាយុ ៥២ឆ្នាំ, ២.ញ៉ែត ជ្រឿន ភេទស្រី អាយុ ៦៥ឆ្នាំ, ៣.ហ៊ួន ជ្រុយ ភេទស្រី អាយុ ៣១ឆ្នាំ និងជនរងគ្រោះម្នាក់ទៀតដែលរងរបួសធ្ងន់មានឈ្មោះ រ៉ែន ពុធហេង ភេទប្រុស អាយុ ២១ឆ្នាំ កំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕


Leave a Reply

Your email address will not be published. Required fields are marked *