ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ ដោយធានាថា មិនមានបញ្ហាអ្វីកេីតឡេីង នៅក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។
ការណែនាំនេះ បានធ្វើឡើងខណៈលោក ឃួង ស្រេង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៥នេះ ដោយមានការចូលរួមពី កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង ១៤ខណ្ឌ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា អំពើធាក់ផ្ដួលប្លន់យកម៉ូតូ បានកើតមានហើយ បើទោះបីវា មិនបានកើតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តែវាក៏នៅខេត្តជាប់នឹងភ្នំពេញដែរ ដែលត្រូវយកចិត្តទុកដាក់ ក្នុងការបង្ការទប់ស្កាត់ ដើម្បីកុំឱ្យបទល្មើសបែបនេះ កើតមាននៅរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបន្តថា “រឿងសន្តិសុខ ត្រូវតែការពារជាប់ជាប្រចាំ រឿងដដែលៗនេះ កុំឱ្យគេដាស់ទឿនជាប្រចាំពេក។ ការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋត្រូវតែធានាឱ្យបាន ១០០ភាគរយ។ ការពិនិត្យរដ្ឋបាល ពិនិត្យជាតិផ្ទុះត្រូវតែធ្វើឡើងជាប្រចាំ តែសូមជៀសវាងធ្វើកុំឱ្យប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋនៅពេលអនុវត្តកិច្ចការងារនេះ”។
បន្ថែមពីនេះ ពាក់ព័ន្ធនឹង អំពើឆបោកតាមអនឡាញ ឬហៅថា Online Scam លោកអភិបាលរាជធានី ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌ និងកម្លាំងមានសមត្ថកិច្ច បន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីលុបបំបាត់ ដោយត្រូវដាក់កម្លាំងតាមដាននៅតាមទីតាំង ដែលមានការសង្ស័យ ដូចជានៅតាមបុរី និងខុនដូជាដើម។ លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា បើនិយាយពី Online Scam គេបានផ្តោតមុខសញ្ញាទៅលើជនជាតិចិន តែពេលនេះ ជនជាតិកូរ៉េ និងខ្មែរ ក៏មានដែរ ដែលត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាប។
បន្ថែមពីនេះ ក្នុងកិច្ចប្រជុំនេះដែរ ការងារដោះស្រាយបញ្ហាលិចលង់ ក៏ជាប្រធានបទធំមួយ ដែលលោក ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញយកចិត្តទុកដាក់ដើម្បីដោះស្រាយ។ ទន្ទឹមនេះ លោក ក៏បានណែនាំអាជ្ញាធរខណ្ឌ ឱ្យចុះពិនិត្យមើលតាមវត្តអារាម នៅក្នុងមូលដ្ឋានរបស់ខ្លួន ថាតើនៅតាមវត្តអារាមទាំងនោះ មានចង្ហាន់គ្រប់គ្រាន់ប្រគេនដល់ព្រះសង្ឃដែរទេ? បើខ្វះត្រូវបំពេញបន្ថែមនៅក្នុងឱកាសបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌនេះ។
បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់បុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ស្នងការដ្ឋាននគរបាលរាជធានី បានប្រើប្រាស់កម្លាំងនគរបាល សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរជូនប្រជាពលរដ្ឋចំនួន១៦ថ្ងៃ។ ដោយឡែកសំរាប់ពិធីបុណ្យកឋិនទាន ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨តុលា ដល់ថ្ងៃទី០៨ វិច្ឆិកាឆ្នាំ២០២៥ ដែលមានរយៈពេល២៩ថ្ងៃ លោក ក៏បានត្រៀមកម្លាំងរួចរាល់ ទាំងការសម្រួលចរាចរ ការរៀបចំសណ្តាប់ធ្នាប់នៅតាមទីផ្សារ និងនៅតាមវត្តអារាម ជាមួយនិងការល្បាត ពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ៕