(ភ្នំពេញ)៖ សម្ថកិច្ចចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន និងខណ្ឌច្បារអំពៅ និងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកញ្ញា បានចុះត្រួតពិនិត្យទីតាំងចំនួន ០២កន្លែង ដែលសង្ស័យ Online Scames។

ទីតាំងទី១ ស្ថិតនៅ ផ្ទះលេខC12 ផ្លូវស៊ី(បុរីឧទ្យានបាសាក់) ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទីតាំងទី០២ ស្ថិតនៅ ផ្ទះ១១៣ ផ្លូវ P25 ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ (ប៉ូលរ៉ូនីស២) រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការទាំង ០២ទីតាំងនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន ១០នាក់ ស្ត្រី ០១នាក់ និងជនជាតិវៀតណាម ០៤នាក់ ស្ត្រី ០៣នាក់ សរុបទាំង ០២ទីតាំងនេះ មានចំនួន ១៤នាក់។

វត្ថុតាងដែលរឹបអូសនៅពេលនោះ រួមមាន៖ ម៉ូនីទ័រ ១៣គ្រឿង ស៊ីភីយូ ១៧គ្រឿង ទូរសព្ទចំនួន ៤៦គ្រឿង លិខិតឆ្លងដែនចំនួន ១៣ និង Laptop ០៤គ្រឿង។

ក្រោយត្រួតពិនិត្យបឋមលើឧបករណ៍អេឡិចត្រូនិច សមត្ថកិច្ចរកឃើញថា បានប្រើប្រាស់ប្រទេសកម្ពុជាធ្វើជាទីតាំងប្រព្រឹត្តបទល្មើស game online។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះ នឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធ នឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed