កម្លាំងជំនាញផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវ និងឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រុមជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធបទល្មើសចំនួន ០៣ផ្សេងគ្នា និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនិតិវិធីច្បាប់។

តាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌដង្កោ ក្រុមជនសង្ស័យទាំង ០៤នាក់នេះ ជាប់ពាក់ព័ន្ធបទល្មើសដូចជាកាប់ប្លន់យកទ្រព្យសម្បត្តិ គាស់ផ្ទះយកទូរស័ព្ទដៃ និងករណីឆក់កាបូប។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច ថា៖
ករណីទី១ កើតឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៤៖២០នាទីទាបភ្លឺ​ ក្រុមជនសសង្ស័យចំនួន ០៣នាក់ ប្រដាប់ដោយកាំបិតកែច្នៃ បានធ្វើសកម្មភាពធាក់ និងភ្ជង់គំរាមប្លន់ម៉ូតូ និងខ្សែក ពីជនរងគ្រោះបានសម្រេចនៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រួចនាំគ្នាជិះគេចខ្លួនបាត់។

ករណីទី២ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៦៖០០នាទី ជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM C110 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BO-5152 បានធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀង ពណ៌ក្រហម របស់ជនរងគ្រោះបានសម្រេច តែត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍ឃាត់បានភ្លាមៗយកមកសួរនាំ។

ករណីទី៣ កាលពីវេលាម៉ោង ០៥៖០០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ជនរងគ្រោះបានក្រោកពីដេកស្រាប់តែបាត់ទូរសព្ទដៃចំនួន ០២គ្រឿង ដែលទុកនៅក្បែរខ្លួន ហើយឃើញទ្វារជាន់ទី១ចំហ ដោយជនសង្ស័យបានដោះកញ្ចក់ចេញ។ បន្ទាប់មកជនរងគ្រោះក៏បានមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ រាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។ លុះដល់វេលាម៉ោង ១៥៖៤០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ សាន ឧត្តម ភេទប្រុស អាយុ ៣០ឆ្នាំ រួមនិងវត្ថុតាង ទូរសព្ទដៃចំនួន ០២គ្រឿង (ម៉ាក IPHONE XS MAX ពណ៌ទឹកមាស ចំនួន ០១គ្រឿង, ម៉ាក SAMSUNG A30 ពណ៌ក្រហម ចំនួន ០១គ្រឿង ជារបស់ជនរងគ្រោះ) ត្រង់ចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការសាកសួរតាមនីតិវិធីច្បាប់។

ក្រោយពេលសាកសួរនាំរួច ជនសង្ស័យទាំងអស់បានឆ្លើយសារភាពថា ខ្លួនពិតជាបានធើ្វសកម្មភាពទាំងអស់នេះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ច កសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed