ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីវេលាម៉ោង ១០៖១៥នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានស្ទាក់ចាប់រថយន្ដចំនួនពីរគ្រឿងដែលលួចនាំចូលសត្វមាន់រស់ជាង ១៦០០ក្បាល ពីប្រទេសវៀតណាមដោយខុសច្បាប់។

តាមរយៈទំព័រហ្វេសប៊ុក លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦កញ្ញានេះថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ចាប់រថយន្តម៉ាក SSANGYONG ISTANA ចំនួន ០២គ្រឿង ដែលដឹកសត្វមាន់រស់សរុបចំនួន ១៦៧ទ្រុង ស្មើនឹង ១,៦៧០ក្បាល។

តាមការបញ្ជាក់ពីអនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រថយន្តទាំង ០២គ្រឿងខាងលើ បានដឹកសត្វមាន់ ចេញពីប្រទេសវៀតណាម ចូលមកលក់ចែកចាយនៅប្រទេសកម្ពុជា ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

បន្ទាប់ពីត្រួតពិនិត្យ មន្ត្រីជំនាញបាននាំយកវត្ថុតាង និងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed