តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានធ្វើការណែនាំដល់ គណមេប្រយោគ និង ប្រធាន អនុប្រធាន មណ្ឌលប្រឡង និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាចូលរួមរៀបចំឱ្យដំណើរការប្រឡងទុតិយភូមិ នៅថ្ងៃខាងមុខ ឱ្យទទួលបានជោគជ័យ និងមិនមានបញ្ហាអ្វីកើតឡើង។
ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំណែនាំនីតិវិធីដល់ ប្រធានមណ្ឌល ប្រធានអប្បមាទ និងអនុរក្ស ទូទាំង ខេត្តតាកែវ នៅព្រឹកថ្ងៃអង្ការ៍ ទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានថ្លែងថា ការប្រឡងទុតិយភូមិ កន្លងមកក៏ដូចជានៅឆ្នាំនេះ គឺជាកំណែទម្រង់ស៊ីជំម្រៅរបស់វិស័យអប់រំ ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ដែលចង់កែប្រែឥរិយាបទឱ្យសិស្សានុសិស្ស ងាកមកទទួលខុសត្រូវប្រឹងប្រែង សិក្សា ឡើងវិញ តាមរយៈសុភាសិត «អ្នកចេះគឺជាប់»។ ម្យ៉ាងទៀតក៏ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែមាន គុណភាព និងដើម្បីប្រកួតប្រជែងទីផ្សារការងារនៅក្នុងតំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិផងដែរ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តថា មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណាទប់ស្កាត់ចំពោះជនណាដែលបង្កបញ្ហា ដល់ដំណើរការប្រឡងតាមរយៈការបង្ហោះព័ត៌មាន ចំលើយវិញ្ញាសារប្រឡង នៅតាមបណ្ដាញ សង្គមហ្វេសប៊ុក ឬតាមបណ្ដាញផ្សព្វផ្សាយនានា យើងត្រូវចាត់វិធានការណ៏ទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង ក៏បានធ្វើការណែនាំ ដល់លោកគ្រូអ្នកគ្រូដែលជាប្រធានមណ្ឌល មន្រ្តីអនុរក្ស និងមន្រ្តីអប្បមាត្រទាំងអស់ ត្រូវគោរពវិន័យ ដោយជៀសវាងបង្កកំហុសដោយចេតនា ដែលនាំឱ្យមានបញ្ហាដល់ខ្លួន ជាពិសេសត្រូវធ្វើយ៉ាងណា ចូលរួមរៀបចំដំណើរការប្រឡងសញ្ញាប័ត្រទុតិយភូមិនេះ អោយទទួលបានជោគជ័យ និងមានការទទួលស្គាល់បេក្ខជនប្រឡង និងបងប្អូនប្រជាពលរដ្ឋផងដែរ ៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវ