(ព្រះសីហនុ) ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២២:០០នាទីយប់ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅហាងបាយនៅចំណុចព្រីនម៉ល អូឈើទាល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធមួយកើតឡើង បង្កដោយជនជាតិចិន ២ក្រុម មានគ្នាជាច្រើននាក់។

ក្នុងករណីនេះ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ដោយអនុវត្តតាមអនុសាសន៍ នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងមានការបញ្ជាផ្ទាល់ពី ឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ឆាយ សុត្រា ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញចុះទៅដល់ទីតាំងកើតហេតុ ដោយឃាត់ខ្លួនបានជនសង្ស័យជនជាតិចិន ១៤នាក់ (ស្រី១នាក់) និងដកហូតបានអាវុធខ្លី១ដើម ម៉ាក Zoraki មានបង់១ គ្រាប់១គ្រាប់។

បន្ទាប់មកកម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតឃាត់ខ្លួនបានជនសង្ស័យ ៣៣នាក់ (ស្រី២នាក់) បន្ថែមទៀត។ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៤៧នាក់ ស្រី ៥នាក់ (ចិន ៣៥នាក់ ស្រី ៣នាក់,នេប៉ាល់ ៤នាក់ និងខ្មែរ ៨នាក់ ស្រី ២នាក់)។

ចំពោះវត្ថុតាងដកហូតបានមាន អាវុធវែង និងខ្លី ចំនួន១៣ដើម (អាវុធវែង ២ដើម និងអាវុធខ្លី ១១ដើម) គ្រាប់ជាច្រើនគ្រាប់, ម្សៅសសង្ស័យជាសារធាតុញៀនមួយចំនួន, រថយន្តចំនួន ៥គ្រឿង។ ចំពោះមូលហេតុករណីផ្ទុះអាវុធខាងលើ សមត្ថកិច្ចកំពុងសាកសួរ និងស្រាវជ្រាវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ CNC


Leave a Reply

Your email address will not be published. Required fields are marked *

You missed