(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៥៖៤០នាទី កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងដោយមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញរងសាលាដំបូរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម ប្រព្រឹត្តល្មើសនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ជ័យ ពន្លឺ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករកាត់ដេរ នៅចំណុចមុខរោងចក្រស៊ីនកៃលី ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ជ័យ ពន្លឺ បានសារភាពថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២២៖៣០នាទី ខ្លួនបានផឹកស្រវឹងជោគជាំជាមួយមិត្តភក្ដិ នៅម្តុំស្ទឹងមានជ័យ ហើយក៏បានជិះម៉ូតូរបស់ខ្លួន ម៉ាក C125 មិនចាំស្លាកលេខ ត្រឡប់មកបន្ទប់ជួលរបស់ខ្លួន នៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ លុះមកដល់ចំណុចម្ដុំអគ្គិសនី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ក៏ត្រូវម៉ូតូរបស់ជនរងគ្រោះ ម៉ាក C125 មិនចាំស្លាកលេខ មកបុកម៉ូតូរបស់ខ្លួនបណ្តាលឱ្យបែកកាបាំងខាងឆ្វេង ខ្លួនក៏បានទារសំណងជនរងគ្រោះចំនួន ០៦ម៉ឺនរៀល ជនរងគ្រោះបានឆ្លើយថាព្រមសង តែមិនទាន់មានប្រាក់ចាំទៅយកពីប្រពន្ធនៅផ្ទះ ខ្លួនក៏បានជិះម៉ូតូតាមជនរងគ្រោះពីក្រោយទៅផ្ទះជនរងគ្រោះដើម្បីយកប្រាក់ តែជនរងគ្រោះស្រវឹងខ្លាំងជិះរកផ្ទះមិនឃើញ ក៏ចូលទៅផឹកទឹកត្នោតជូរនៅក្បែរកន្លែងកើតហេតុ ខ្លួនក៏បានយកម៉ូតូរបស់ខ្លួនទៅផ្ញើ ហើយខ្លួនក៏បានអង្គុយចាំជនរងគ្រោះនៅខាងមុខហាង។
ពេលជនរងគ្រោះចេញពីផឹកវិញមិនមានប្រាក់ឱ្យម្ចាស់ហាងគេក៏ឃាត់ម៉ូតូជនរងគ្រោះទុកនៅហាង ហើយជនរងគ្រោះក៏ដើរចេញមក ខ្លួនក៏ដើរតាមជនរងគ្រោះ ដោយស្រវឹងពេកខ្លួន និងជនរងគ្រោះ បានទៅដេកនៅលើស្មៅ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ លុះដល់វេលាម៉ោងប្រហែល ០០៖៣០នាទី ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ជនរងគ្រោះបានភ្ញាក់ឡើងនោម ខ្លួនក៏ភ្ញាក់ឡើងដែរ ពេលនោះជនរងគ្រោះបានវាយមកខ្លួន ០១ដៃចំទ្រូង ធ្វើឱ្យខ្លួនខឹងជាខ្លាំងក៏បានប្រតាយប្រតប់គ្នាទៅវិញទៅមក ខ្លួនក៏ស្រវ៉ាបានដុំថ្ម ០១ដុំ នៅក្បែរនោះវាយទៅលើជនរងគ្រោះចំក្បាលខាងក្រោយ បណ្តាលឱ្យជនរងគ្រោះដួល ហើយខ្លួនក៏បានយកដុំ ០១ធំ ផ្សេងទៀតដែលនៅក្បែរនោះ វាយម្តងទៀតចំក្បាលខាងក្រោយជនរងគ្រោះ បាត់មាត់ស្ងាត់ឈឹង ពេលនោះខ្លួនគិតថាជនរងគ្រោះស្លាប់ ខ្លួនក៏អូសជនរងគ្រោះមកដាក់កៀនរបងដីឡូត៍កន្លែងកើតហេតុ ហើយក៏បានដើរមកដេកនៅបន្ទប់ជួលរបស់ខ្លួនវិញដែលមានចម្ងាយប្រហែល ០៣គីឡូម៉ែត្រពីកន្លែងកើតហេតុ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

