(ពោធិ៍សាត់) ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ នៅក្នុងឃុំស្យា ស្រុកកណ្តៀង ក៏ដូចជាភូមិ ឃុំ ស្រុកនានានៅទូទាំងខេត្តពោធិ៍សាត់ សូមខិតខំដាំបន្លែធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ បង្កើនជីវភាពក្នុងគ្រួសារ និងសហគមន៍។
ការលើកទឹកចិត្តនេះ ត្រូវបាន ឯកឧត្តម អភិបាលខេត្ត ថ្លែងនៅក្នុងឱកាសចុះសាកសួរសុខទុក្ខ និងសង្កេតអំពីស្ថានភាពរស់នៅ ពីបរិស្ថាន អនាម័យ និងការប្រកបរបរកសិកម្ម ការដាំបន្លែ និងដំណាំផ្សេងៗ របស់ប្រជាកសិករ ក្នុងឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។
ជាមួយគ្នានោះដែរ ឯកឧត្តម ខូយ រីដា បានកោតសរសើរដល់ប្រជាពលរដ្ឋ ក្រៅពីការងារបង្កបង្កើនផលស្រូវ បានយកពេលវេលាទំនេរ ងាកមកដាំដុះបន្លែធម្មជាតិ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ និងអាចនាំយកទៅលក់នៅលើទីផ្សារក្នុង ភូមិ ឃុំ ស្រុក ថែមទៀត ព្រោះបន្លែរបស់យើងគ្មានជាតិគីមី មិនប៉ះពាល់សុខភាព ជាពិសេសថាអាចកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។
លើសពីនេះទៀត ឯកឧត្តម ខូយ រីដា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ខិតខំដាំបន្លែបែបធម្មជាតិឱ្យបានច្រើន នៅតាមសហគមន៏ ជាពិសេសបន្លែដែលមិនប្រើជាតិគីមី ព្រោះថាបន្លែធម្មជាតិ ធានាសុវត្ថិភាពដល់អ្នកទិញបន្លែ យកទៅបរិភោគជាប្រចាំ និងមានតម្លៃសមរម្យ៕

