(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០០៖៣៥នាទីអាធ្រាត លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ស្ថិតនៅត្រង់ចំណុចមុខផ្សារ៧មករា សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើ ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ដែលបានប្រព្រឹត្តនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០០៖១៥នាទី នៅត្រង់ចំណុចមុខការ៉ាស់សាំងភីធីធី ផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ សន ចាន់តារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ។

សម្ភារៈដកហូតរួមមាន ម៉ូតូម៉ាក Honda Beat ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1KA-9872 និងកាបូបស្ពាយចំនួន ០១ (បានប្រគល់ជូនជនរងគ្រោះ)។

បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕


Leave a Reply

Your email address will not be published. Required fields are marked *