(កំពង់ស្ពឺ)៖ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានស្រាវជ្រាវករណីឆបោកម៉ូតូអ្នកធ្វើសំណង់ជាមួយគ្នា។
កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៨៖៣០នាទី មានករណីឆបោកម៉ូតូអ្នកធ្វើការសំណង់ជាមួយគ្នា នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យជាអ្នកខ្ចីម៉ូតូជិះយកទៅឈ្មោះ យី ដន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិស្រះថ្កូវ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រោះវែង ជាអ្នកសំណង់ជាមួយគ្នា។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ រស់ រេង ភេទប្រុស អាយុ ៣៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ច បានឱ្យដឹងទៀតថា ម៉ូតូជនរងគ្រោះ ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ សៀមរាប 1AT-6171 ដោយជនសង្ស័យខ្ចីជិះ ថាយកទៅទិញស្រាបៀរមួយភ្លែត រួចជិះទៅបាត់រហូតទៅ។ លុះមកដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ មិនឃើញយកម៉ូតូត្រឡប់មកវិញ ជនរងគ្រោះក៏សម្រេចចិត្តមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលរកាកោះ។
សមត្ថកិច្ច បានឱ្យដឹងបន្តទៀតថា ក្រោយទទួលបានបណ្តឹងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២៖០០នាទី កម្លាំងនគរបាលស្រុក បានសហការស្រាវជ្រាវជាមួយកម្លាំងជំនាញនគរបាលប៉ុស្តិ៍រដ្ឋបាលកំពុងសឹង នៃអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច ដោយបានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងម៉ូតូ ០១គ្រឿង រួមទាំងម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ០១កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំមកកាន់អធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ ចំណែកម៉ូតូ ត្រូវបានបានប្រគល់ម៉ូតូជូនម្ចាស់ដើម្បីប្រើប្រាស់វិញ៕

