(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ឱ្យដឹងថា ឃាតកម្មដុតផ្ទះ និង​អារ-ក​សម្លាប់​បាន​បណ្តាលឱ្យ​មនុស្ស ០៩នាក់ស្លាប់ ខណៈជនសង្ស័យជាឃាតករ​ត្រូវ​ជា​ប្តី​របស់​ជន​រង​គ្រោះ​ម្នាក់​ ក្នុង​ចំណោម​ជន​រង​គ្រោះទាំង ០៩នាក់។ នេះបើតាមសេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​។

រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៦៖០០ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានទទួលព័ត៌មានពីករណីឃាតកម្ម ដុតផ្ទះ និងអារ-កសម្លាប់ នៅ​ភូមិពោន ឃុំទទួលសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ភ្លាមៗ ឯកឧត្តម​អភិបាល​ខេត្ត​កំពង់​ចាម ​បានបញ្ជាស្នងការនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ក្រោមការដឹក​នាំ​សម្រប​សម្រួល​ពី​តំណាង​អយ្យការអមសាលាដំបូងខេត្ត ធ្វើការចុះពិនិត្យ ស្រាវជ្រាវអំពីមូលហេតុ និងវែកមុខ​ជន​ល្មើស ​ទទួលបានលទ្ធផលដូចខាងក្រោម៖

១. ហេតុការណ៍ឃាតកម្ម ដុតផ្ទះ និងអារ-កសម្លាប់ ខាងលើនេះ កើតឡើងនៅវេលាម៉ោង ៥៖៣០ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ពោលគឺប្រមាណ ៣០នាទី មុនសមត្ថកិច្ចទទួលបានព័ត៌មាន។ ទីតាំងផ្ទះកើតហេតុ គឺស្ថិតក្នុងដីចម្ការដាច់ស្រយ៉ាល។

២. ឃាតកម្មដុតផ្ទះ និងអារ-កសម្លាប់នេះ បានបណ្តាលឱ្យមនុស្ស ០៩នាក់ បាត់បង់ជីវិត ក្នុងនោះ ០៨នាក់ បាត់បង់ជីវិតក្នុងភ្នក់ភ្លើងផ្ទះឆេះ និងម្នាក់ទៀត ត្រូវបានអារ-កសម្លាប់នៅចម្ងាយប្រហែល ១០០ម៉ែត្រ ពីទីតាំងផ្ទះឆេះ។ ជនរងគ្រោះទាំង ០៩នាក់ មានស្រី ០៧នាក់ និងប្រុស ០២នាក់ និងសុទ្ធតែជាសាច់ញាតិនឹងគ្នា។

៣.ជនសង្ស័យជាឃាតករ ត្រូវបានកំណត់អត្តសញ្ញាណ មានឈ្មោះ សុបិន្ត មិនា អាយុ ២១ឆ្នាំ ត្រូវជាប្តីរបស់ជនរងគ្រោះម្នាក់ និងត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចអូរហោះ ភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាស្រុករបស់ជនសង្ស័យ ហើយជនសង្ស័យក៏បានសារភាពនូវឃាតកម្មរបស់ខ្លួនរួចហើយ។ នៅពេលសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យហាក់មានស្មារតីមិនប្រក្រតី។ តាមការពិនិត្យទឹកម៉ូត ជនសង្ស័យពុំត្រូវបានរកឃើញថា មានពាក់ព័ន្ធនឹងសារធាតុញៀនឡើយ។ សមត្ថកិច្ចនឹងបន្តយកឈាមរបស់ជនសង្ស័យទៅពិនិត្យ និងបន្តវិភាគបញ្ហាស្មារតីរបស់គាត់បន្ថែមទៀត។

បើតាមរដ្ឋបាលខេត្តកំពង់ចាម ជាការសន្និដ្ឋានបឋម ជនសង្ស័យ និងក្រុមជនរងគ្រោះ គឺជាសាច់ញាតិនឹងគ្នា ដូច្នេះបញ្ហាឃាតកម្មនេះគឺជាបញ្ហាផ្ទៃក្នុងគ្រួសារ។ ចំពោះមូលហេតុដែលនាំទៅដល់ការបង្កើតឱ្យមានឃាតកម្មនេះ គឺជនសង្ស័យបានសារភាពថា “ខ្លួនមានការគុំគួនប្រពន្ធដែលតែងតែមានជម្លោះគ្នាជាប្រចាំ រហូតដល់ខ្លួនបានសម្រេចចិត្តសម្លាប់ម្តាយក្មេក ប្រពន្ធ ប្អូនថ្លៃ និងក្មួយៗ សរុបទាំងអស់ ០៩នាក់”។

រដ្ឋបាលខេត្តកំពង់ចាម ចូលរួមសោកស្តាយចំពោះសោកនាដកម្ម ដែលបានកើតឡើងយ៉ាងសាហាវយង់ឃ្នងលើក្រុមគ្រួសារជនរងគ្រោះ និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ ព្រមទាំងសូមស្នើឱ្យសមត្ថកិច្ចអនុវត្តទោសយ៉ាងតឹងរ៉ឹងចំពោះជនល្មើស៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed