រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ សមាគមនារីក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាស្តីពី “ចំណេះដឹងហិរញ្ញវត្ថុ” មួយឡើង នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន។
សិក្ខាសាលានេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ដែលជាប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន និងជាតំណាងឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា។
គោលបំណងនៃអង្គសិក្ខាសាលានេះគឺសំដៅទៅដល់ការអភិវឌ្ឍ និងពង្រឹងសមត្ថភាពដល់មន្ត្រី និងបុគ្គលិកនៃក្រសួងព័ត៌មាន ឲ្យបានយល់ដឹងច្បាស់អំពី អត្ថប្រយោជន៍ និងឥទ្ធិពល នៃការអភិវឌ្ឍ និងរក្សាស្ថិរភាពហិរញ្ញវត្ថុប្រចាំគ្រួសារ។
តាមរយៈសិក្ខាសាលាពេញរយៈពេល ១រសៀលនេះ នឹងធ្វើឲ្យសិក្ខាកាមចូលរួម ទទួលបានចំណេះដឹងអំពីមូលដ្ឋានគ្រឹះផ្នែកហិរញ្ញវត្ថុ, ហើយបានបញ្ជ្រាបចំណេះដឹងអំពីពាក្យគន្លឹះសំខាន់ៗក្នុងផ្នែកហិរញ្ញវត្ថុ ដូចជា៖ ប្រាក់ចំណូល, ចំណាយ, តម្រូវការ ចាំបាច់ និងការចង់បាន។ ជាមួយនេះក៏ជាការបញ្ជ្រាបចំណេះដឹងអំពីផលវិបាក និងភាពអវិជ្ជមានដែលអាចកើតឡើងពីការខ្វះការយល់ដឹងអំពីហិរញ្ញវត្ថុ,ការបង្កើតទំលាប់ក្នុងការរៀបចំកំណត់ត្រាថវិកាជាក់លាក់ សម្រាប់ចំណូលនិងចំណាយ, អំពីបញ្ហាបំណុល និងវិធីដោះស្រាយ,សារៈសំខាន់នៃការសន្សំប្រាក់ និងវិធីសាស្ត្រងាយៗសម្រាប់ដោះស្រាយស្ថានការណ៍បន្ទាន់ជាដើម៕

