ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក បានចាប់ផ្តើមដាក់កម្លាំងចុះរុះរើសំណង់រោងសម្រាប់ចំណតកង់-ម៉ូតូ របស់បុគ្គលិក និងសិស្ស ដែលមកបង្រៀន ឬរៀននៅសាលាជ័យថាវី នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុន្តែត្រូវបានម្ចាស់ទីតាំងប្រតិកម្មទៅនឹងសកម្មភាពរបស់អាជ្ញាធរនេះថា ទីតាំងនេះគាត់សាងសង់ឡើងជាច្រើនឆ្នាំមកហើយ និងការធ្វើការរុះរើរបស់អាជ្ញាធរពេលនេះធ្វើឡើងដោយមិនស្មើភាពគ្នា ខណៈកន្លែងផ្សេងមិនធ្វើការរុះរើ។
ទាក់ទងនឹងបញ្ហានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ការសម្រេចឱ្យម្ចាស់សំណង់សាលាជ័យថាវី ធ្វើការរុះរើសំណង់របស់ខ្លួន ក្រសួងបានធ្វើការពិនិត្យ ចុះទៅកាន់ទីតាំងសំណង់ជាក់ស្តែង និងឃើញថា សំណង់នេះ បានសាងសង់ពីដែកសម្រាប់ប្រើប្រាស់ជារោងសម្រាប់ចំណតកង់-ម៉ូតូ របស់បុគ្គលិក និងសិស្ស ដែលមកបង្រៀន ឬរៀននៅសាលាជ័យថាវី។ សំណង់នេះ បានសាងសង់បិទផ្លូវលេខ១៤៩ ដែលជាផ្លូវសាធារណៈ បង្កឱ្យមានភាពអាណាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នាប់ ដោយការដាក់កង់ ម៉ូតូពាសពេញផ្លូវ។ សំណង់ដែលបិទផ្លូវបែបនេះ មិនត្រឹមតែធ្វើឱ្យខូចសោភ័ណភាព សណ្តាប់ធ្នាប់ប៉ុណ្ណោះនោះទេ តែវាធ្វើឱ្យប៉ះពាល់ដល់លំហូរចរាចរក្នុងតំបន់ ព្រមទាំងសុវត្ថិភាព និងការសង្រ្គោះនានានៅពេលមានអគ្គិភ័យកើតឡើងជាយថាហេតុ។
ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ឈរលើស្មារតីការគោរពក្រមសីលធម៌វិជ្ជាជីវៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើដល់សាធារណៈជនចូលរួមជាមួយសង្គមជាតិ ដើម្បីរៀបចំស្រុកយើងឱ្យបានស្អាត មានសោភ័ណភាព សុវត្ថិភាព សណ្តាប់ធ្នាប់ និងប្រកបដោយសេចក្តីថ្លៃថ្នូរ។

