លេខាធិការដ្ឋាននៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានដឹកនាំ និងសម្របសម្រួល ជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជកម្មកម្ពុជា(គ.ល.ក.) និង កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រះរាជអាជ្ញាសាលា ដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៥ នេះ បានចុះឆែកឆេរទីតាំង សង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងកាស៊ីណូ ស៊ីលវើរ ស្តារ ស្ថិតក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។

ប្រតិបត្តិការនេះ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២៣នាក់ ក្នុងនោះមានជនជាតិស្រីលង្កាមានចំនួន ០៦នាក់ (ស្រ្តី ០១នាក់) ប៉ាគីស្ថាន ០៧នាក់ (ស្រ្តី ០២នាក់) ហ្វីលីពីន ០២នាក់ (ស្រី ០២នាក់) នេប៉ាល់ ០២នាក់ (ស្រ្តី ០២នាក់) ឥណ្ឌា ០១នាក់ នីហ្ស៊េរីយ៉ា ០១នាក់ អាល់ហ្ស៊េរី ០១នាក់ (ដែលសមត្ថកិច្ចសង្ស័យជាជនរងគ្រោះ) និងជនសង្ស័យជាមុខសញ្ញាមេខ្លោងចំនួន ០៣នាក់ (ចិនតៃវ៉ាន់ ០១នាក់ និងម៉ាឡេស៊ីចំនួន ០២នាក់) ជាមួយនឹងការដកហូតវត្ថុតាងរួមមាន Call Center ២៤ទូ, លិខិតឆ្លងដែន ១៩ក្បាល និងទូរសព្ទដៃ ២០គ្រឿង។

បន្ទាប់ពីទទួលបានភស្តុតាងគ្រប់គ្រាន់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចចាត់វិធានព្យួរអាជ្ញាប័ណ្ណ ចំពោះកាស៊ីណូ ស៊ីលវើរ ស្តារ មិនឱ្យដំណើរការអាជីវកម្មបន្តទៀតទេ។

សមត្ថកិច្ចបានបញ្ជូនមុខសញ្ញាមេខ្លោងទាំង ០៣នាក់ មានជនជាតិចិនតៃវ៉ាន់ ០១នាក់ និងម៉ាឡេស៊ី ០២នាក់ ទៅតុលាការខេត្តស្វាយរៀង ដើម្បីអនុវត្តនីតិវិធីផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ចំណែកឯជនបរទេស ២០នាក់ ត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបន្តនីតិវិធី​និរទេសចេញពីកម្ពុជា។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕


Leave a Reply

Your email address will not be published. Required fields are marked *