(កំពង់ចាម) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាការបញ្ជាឯកភាពខេត្ត នៅថ្ងៃសៅ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ នៅក្រុងកំពង់ចាម និងករណីគាស់ផ្ទះ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅស្រុកកំពង់សៀម។
ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងនគរបាលរកឃើញបទល្មើសដូចជា ករណីឆក់កាបូប នៅក្រុងកំពង់ចាម ឃាត់ខ្លួនបាន ០២នាក់, ករណីគាស់ផ្ទះ នៅស្រុកកំពង់សៀម ឃាត់ខ្លួនបាន ០១នាក់។
ចំពោះករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅស្រុកកំពង់សៀម ឃាត់ខ្លួនបាន ០៤នាក់ ។ ដោយឡែកក្រៅពីជនសង្ស័យទាំង ០៧នាក់ សមត្ថកិច្ចក៏បានរឹបអូសយកវត្ថុតាងមួយចំនួនផងដែរ។
បច្ចុប្បន្ន កម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕





