កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យទីតាំងសង្ស័យស្ថិតនៅអគារសម្រាប់ជួលមានទីតាំងផ្ទះលេខ ១៧ ផ្លូវលេខ ២៥៥ ក្រុមទី ១៤ ភូមិ ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១១១ នាក់ ក្នុងនោះ ជនជាតិឥណ្ឌូណេស៊ី ១០៦ នាក់ (ស្ត្រី ៣៦ នាក់) និងបុរសជនជាតិខ្មែរ ០៥ នាក់។
ប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចជំនាញបានដកហូតសម្ភារៈជាវត្ថុតាងរួមមាន ៖ រថយន្ត ០២ គ្រឿង ម៉ាក HYUNDAI STARIA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CB-5952 និងម៉ាក HYUNDAI STARIA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-1921។
ក្រោយពីត្រួតពិនិត្យចប់សព្វគ្រប់ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ដែលបានដកហូតពីទីតាំងសង្ស័យខាងលើ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី។
ដោយឡែកនៅថ្ងៃដដែលនោះដែរ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយទទួលបានការបញ្ជាពីអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ស ថេន ស្នងការរងទទួលដឹកនាំផែនការងារអន្តោប្រវេសន៍ និងមានការចូលរួមសហការពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប. ឆ.ប) បានចុះត្រួតពិនិត្យទីតាំងសង្ស័យ ០១ កន្លែង នៅអគារលេខ ៦៥ IOS TOWER ស្ថិតនៅផ្លូវលេខ ៩៥ ភូមិ ០៨ សង្កាត់បឹងកេងកងទី ០៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ផងដែរ។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេស នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕





