នគរបាលជំនាញ នៃក្រុមប្រតិបត្តិការជំនាញ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបទីតាំងនាំចូល និងផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យា និងឧបករណ៍ទូរគមនាគមន៍ ដែលបម្រើដល់ឧក្រិដ្ឋជនក្នុងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAM) ដោយឃាត់ខ្លួនជនសង្ស័យជនជាតិ៣នាក់ និងជនជាតិខ្មែរ៤នាក់។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅផ្ទះលេខ N៤២ ផ្លូវបេតុង ក្រុម១៤ ភូមិ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមប្រតិបត្តិការជំនាញ ក្រោមការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៣នាក់ (ម្នាក់ជាមេក្លោង) និងជនជាតិខ្មែរចំនួន ៤នាក់ ព្រមទាំងបានដកហូតសម្ភារៈបច្ចេកវិទ្យា និងឧបករណ៍ទូរគមនាគមន៍ជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) រួមមាន ទូរស័ព្ទចំនួន ២,៣២៣ គ្រឿង, ឧបករណ៍ Starlink ចំនួន ១២ គ្រឿង, LCD ចំនួន ៤៨ គ្រឿង, កុំព្យូទ័រ ALL IN ONE ចំនួន ៤៤៧ គ្រឿង, Case CPU ចំនួន ១៤៧ គ្រឿង, Monitor ចំនួន ២៣៩ គ្រឿង, ឧបករណ៍សាកថ្មច្រើនទូរស័ព្ទ ចំនួន ៣៤៣ គ្រឿង, ដុំ WIFI ចំនួន ៨៩ គ្រឿង, ស៊ីមកាតបរទេស (អាមេរិក, តួកគី, ថៃ, វៀតណាម, ម៉ាឡេស៊ី, ម៉ិចស៊ីកូ, អេស្ប៉ាញ, អ៊ីតាលី) និងស៊ីមកាតប្រទេសកម្ពុជា (SEATEL, Smart, Cellcard, Metfone) សរុបចំនួន ១៨.៩៥០ កាត។

បន្ទាប់ពីបានត្រួតពិនិត្យសម្ភារៈបច្ចេកវិទ្យា និងឧបករណ៍ទូរគមនាគមន៍ខាងលើ សមត្ថកិច្ចជំនាញបានរកឃើញថា សម្ភារៈបច្ចេកវិទ្យា និងឧបករណ៍ទូរគមនាគមន៍ភាគច្រើន មានមុខងារសម្រាប់បម្រើឲ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយចំពោះស៊ីមកាតបរទេស ត្រូវបានប្រើប្រាស់សម្រាប់បង្កើតគណនីបណ្ដាញសង្គមក្លែងក្លាយ ដូចជា Telegram, Messenger, Whatsapp, Wechat, Zalo ជាដើម ដោយរួមទាំងគណនីធនាគារ ដើម្បីឆបោកពលរដ្ឋនៅតាមបណ្ដាប្រទេសដែលជាគោលដៅរបស់ឧក្រិដ្ឋជន។

ជនសង្ស័យបានឆ្លើយសារភាពថា នៅពេលដែលមានការបញ្ជាទិញ ក្រុមខ្លួនបានរៀបចំសម្ភារៈបច្ចេកវិទ្យា និងឧបករណ៍ទូរគមនាគមន៍ និងធ្វើការដឹកជញ្ជូនទៅតាមបណ្ដាខេត្តនានាដែលជាទីតាំងឆបោកតាមប្រព័ន្ធអនឡាញ។

ក្រោយបញ្ចប់ប្រតិបត្តិការ កម្លាំងនគរបាលបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវីធីរួចហើយ៕


Leave a Reply

Your email address will not be published. Required fields are marked *