(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២២៖៣០នាទី ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន នាំខ្លួនជនសង្ស័យចំនួន ០៤នាក់ ត្រង់ចំណុចផ្លូវលេខ៥៧ កែងផ្លូវលេខ៧៧០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីហិង្សាមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ០៤នាក់រួមមាន៖ ទី១-ឈ្មោះ ផាត់ រតនា ភេទប្រុស អាយុ ១៩ឆ្នាំ ទី២-ឈ្មោះ សោភ័ណ្ឌ គីមស្រ៊ុន ភេទប្រុស អាយុ ១៧ឆ្នាំ ទី៣-ឈ្មោះ ពៅ សារី ភេទប្រុស អាយុ ១៦ឆ្នាំ និងទី៤-ឈ្មោះ ម៉ែន រ៉ាយុទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ។
សម្ភារៈដកហូតរួមមាន៖ ម៉ូតូចំនួន ០២គ្រឿង ម៉ាក Suzuki Nex ពណ៌ខៀវ-ស គ្មានផ្លាកលេខ, ម៉ូតូម៉ាក Suzuki Nex ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1LU-7326 និងកាំបិតចំនួន ០៣ដើម។
បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

